យោងតាមការប្រកាសព័ត៌មាននៅលើបណ្តាញគណនី Twitter ផ្លូវការរបស់ខ្លួន មូលនិធិ Jack Ma និង Alibaba បានបញ្ជាក់ថា «ថ្ងៃនេះសូមប្រកាសបរិច្ចាគការផ្គត់ផ្គង់វេជ្ជសាស្ត្រ ដែលចាំបាច់ ហើយនិងត្រូវការបំផុតនេះ ទៅដល់ប្រទេសចំនួន១០ទៀតនៅអាស៊ី ដើម្បីជួយដល់សកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩» ។
នេះជាការប្រកាសគម្រោងបរិច្ចាគថ្មីចុងក្រោយបំផុតរបស់លោក Jack Ma ដែលជាប្រធានមូលនិធិ Jack Ma និង Alibaba ។ លោក Jack Ma បានមានប្រសាសន៍ថា «តោះ ទៅកាន់ប្រទេសអាស៊ី! យើងនឹងបរិច្ចាគបរិក្ខាពេទ្យជាបន្ទាន់ទាំងនេះទៅឲ្យប្រទេសចំនួន១០ បន្ថែមទៀត នៅអាស៊ី» ។ លោកបន្តថា «ការបរិច្ចាគទាំងនេះ មិនងាយស្រួលនោះទេ ប៉ុន្តែយើងនឹងធ្វើវាឲ្យបាន» ។
លោក Juntao Song អគ្គលេខាធិការវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកពិភពលោក (eWTP)បានថ្លែងថា ការរីករាលដាលនៃជំងឺរាតត្បាតបាននាំមកនូវបញ្ហាប្រឈមដល់ភស្តុភាពិភពលោក ។ ដោយមានជំនួយពី eWTP យើងកំពុងធ្វើឲ្យអស់ពីសមត្ថភាពនៅក្នុងការធានាបាននូវការដឹកជញ្ជូនឲ្យបានឆាប់រហ័ស ហើយចែកចាយផ្គត់ផ្គង់សម្ភារបរិក្ខាវេជ្ជសាស្ត្រទាំងនេះទៅដល់សហគមន៍ដែលនៅដាច់ស្រយាល់ និងជាទីកន្លែងដែលត្រូវការជំនួយទាំងនេះជាទីបំផុតនោះ ។
បើតាមសេចក្តីប្រកាសព័ត៌មាននេះបានបញ្ជាក់ថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាន, បង់ក្លាដែស, កម្ពុជា, ឡាវ, ម៉ាឌីវ (Maldives), ម៉ុងហ្គោលី, មីយ៉ាន់ម៉ា, នេប៉ាល់, ប៉ាគីស្ថាន ហើយនិងស្រីលង្កា នឹងទទួលបានការផ្គត់ផ្គង់បរិក្ខាវេជ្ជសាស្ត្រពីមូលនិធិ Jack Ma និងមូលនិធិ Alibaba ដែលសរុបមានម៉ាស ១,៨លានម៉ាស, ឧបករណ៍ធ្វើតេស្ត កូវីដ ១៩ ចំនួន ២១០ ០០០, សម្លៀកបំពាក់ការពារចំនួន ៣៦ ០០០ កំប្លេ ព្រមជាមួយឧបករណ៍ សម្ភារបរិក្ខាពេទ្យសំខាន់ៗដទៃមួយចំនួនទៀត តួយ៉ាងដូចជាម៉ាស៊ីនខ្យល់ និងឧបករណ៍វាស់កំដៅថ្ងាសផងដែរ ។
គួររំលឹកផងដែរថា កាលពីដើមសប្តាហ៍មុននេះ មូលនិធិ Jack Ma និង Alibaba ក៏បានបរិច្ចាគសម្ភារបរិក្ខាវេជ្ជសាស្ត្រឲ្យដល់ប្រទេសម៉ាឡេស៊ី, ឥណ្ឌូនេស៊ី, ថៃ និងប្រទេសហ្វីលីពីន ៕
0 comentários:
Post a Comment